ជាតិកាល់ស្យូមនិងកូនរបស់អ្នក

ដើម្បីធានាថាកូនរបស់អ្នកធំធាត់មានសុខភាពល្អនិងរឹងមាំ ការផ្តល់នូវអាហារូបត្ថម្ភបានត្រឹមត្រូវគឺជាគន្លឹះសំខាន់មួយ។ កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលពួកគេ ត្រូវការជាចាំបាច់ដើម្បីជួយទ្រទ្រង់ឆ្អឹងនិងធ្មេញឲ្យរឹងមាំ។ ឆ្អឹងគឺជាមូលដ្ឋានគ្រឹះនៃការរីកលូតលាស់រូបរាងកាយកូនរបស់អ្នក ហើយជាតិកាល់ស្យូមដើរតួនាទីធ្វើជាអ្នក ជួសជុលថែរក្សាឆ្អឹងដោយជំនួសឆ្អឹងចាស់ជាមួយនិងឆ្អឹងថ្មី។ 99% នៃជាតិកាល់ស្យូមនៅក្នុងរាងកាយត្រូវបានរកឃើញនៅក្នុងឆ្អឹងនិងធ្មេញ។ ទោះជាយ៉ាងណា ជាតិកាល់ស្យូម គឺត្រូវបានប្រើប្រាស់សម្រាប់មុខងាររាងកាយជាច្រើនទៀត ហើយត្រូវបានស្រូបយកជាតិកាល់ស្យូមពីឆ្អឹងនិងធ្មេញដើម្បីបំពេញ តម្រូវការ។ ជាអកុសលកុមារជាច្រើនមិនបានញុំាជាតិកាល់ស្យូមគ្រប់គ្រាន់ក្នុងរបបអាហាររបស់ពួកគេនោះទេ ជាហេតុដែលនាំឲ្យកំហាប់ឆ្អឹងថយចុះ។ ដែលជាហេតុធ្វើឲ្យ មានហានិភ័យខ្ពស់ក្នុងការវិវត្ត​ទេៅជា ពុកឆ្អឹង និងឈានទៅរកការបាក់ឆ្អឹងនាពេលអនាគត។ ម្យ៉ាងវិញទៀត ពួកគេក៏អាចមានឱកាសក្នុងការខ្សោយធ្មេញនិងពុកធ្មេញ ផងដែរ។ ដូច្នេះ កុមារគួរតែទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ សម្រាប់កុមារដែលមានអាយុចាប់ពី ១ ឆ្នាំទៅ ៣ ឆ្នាំ ពួកគេគួរតែទទួលទានជាតិកាល់ស្យូម ចំនួន ៧០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ សម្រាប់កុមារតូចដែលមានអាយុទើបតែ ៤ -៨ ឆ្នាំ ការទទួលទានជាតិកាល់ស្យូមជាប្រចាំថ្ងៃរបស់ពួកគេដែលបានផ្ដល់តាមអនុសាសន៍គឺ ១០០០មិល្លីក្រាម។ សម្រាប់កុមារដែលមានអាយុចាប់ពី ៩-១៨ ឆ្នាំ ពួកគេគួរតែទទួលទានជាតិកាល់ស្យូមចំនួន ១៣០០មិល្លីក្រាមជារៀងរាល់ថ្ងៃ។ សុខភាពឆ្អឹងនិងធ្មេញរឹងមាំគឺមិនត្រឹមតែជាផលប្រយេាជន៍តែមួយគត់នៃជាតិកាល់ស្យូមតែប៉ុណ្ណោះទេ។ ជាតិកាល់ស្យូមក៏ជួយក្នុងការគ្រប់គ្រងដល់ការកន្ត្រាក់បេះដូង និង ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធសរសៃប្រសាទ និងកំណកឈាមផងដែរ។ ជាតិកាល់ស្យូមក៏អាចត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងសារធាតុចិញ្ចឹមដទៃទៀតផងដែរដើម្បីធានាថាកូនរបស់អ្នកទទួលបានអត្ថប្រយេាជន៍ពីវាបានពេញលេញ។ វីតាមីន D មានសារៈសំខាន់ក្នុងការស្រូបយកជាតិកាល់ស្យូមដើម្បីទ្រទ្រង់ឆ្អឹងនិងធ្មេញឲ្យរឹងមាំ។ ស្រូបយកជាតិកាល់ស្យូមគឺត្រូវបានប្រើប្រាស់ខ្ពស់បំផុតនៅក្នុងអំឡុងពេលដែលកូនប្រុសនិងកូនស្រីរបស់អ្នកស្ថិតក្នុងវ័យកំពុងលូតលាស់ខ្លាំង ដូច្នេះវាជាការសំខាន់ ខ្លាំងណាស់ដែលអ្នកត្រូវធានាថាពួកគេទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។ ដើម្បីជួយពួកគាត់បាន អ្នកអាចរៀបចំអាហារដែលសំបូរទៅដេាយជាតិកាល់ស្យូមឬដោយគ្រាន់ តែផ្តល់កាល់ស្យូមបំពេញបន្ថែមដើម្បីធានាថាពួកគេនឹងទទួលបានជាតិកាល់ស្យូមជាប្រចាំថ្ងៃស្របទៅតាមអនុសាសន៍។ ចំពោះទិដ្ឋភាពទូទៅនៃតម្រូវការជាតិកាល់ស្យូមរបស់កូនអ្នក សូមយោងទៅលើប័ណ្ណព័ត៌មានរបស់យើងដូចខាងក្រោម៖

តើជាតិកាល់ស្យូមមានប្រយេាជន៍អ្វីចំពោះរាងកាយឲ្យពិតប្រាកដទៅ?

ជាតិកាល់ស្យូមគឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយដោយមិនគិតពីអាយុឬភេទឡើយ។

ដូច្នេះ តើជាតិកាល់ស្យូមនេះមានប្រយេាជន៍អ្វីចំពោះរាងកាយឲ្យពិតប្រាកដទៅ?

ជាតិកាល់ស្យូមជួយពង្រឹងឆ្អឹងនៅក្នុងរាងកាយដោយធានាថា ឆ្អឹងទាំងនោះមានរចនាសម្ព័ន្ធត្រឹមត្រូវ និងការពារផលវិបាកនៃឆ្អឹងនៅពេលក្រោយ នៅក្នុងជីវិតដូចជា ជំងឺពុកឆ្អឹងដែលជាស្ថានភាពសុខភាពឆ្អឹងដែលមានភាពផុយស្រួយខ្លាំងហើយឈានទៅរកការបាក់ឆ្អឹង។ ល័ក្ខខ័ណ្ឌទាំងនេះបានបណ្តាលមកពីកង្វះជាតិកាល់ស្យូម ដែលបង្កឲ្យមានការឈឺចាប់ ហើយអាចរារាំងសេរីភាពនៃការធ្វើចលនារបស់អ្នក។ ជាតិកាល់ស្យូមក៏មានសារសំខាន់ផងដែរក្នុងការថែរក្សាធ្មេញ និងអញ្ចាញធ្មេញ ដោយធ្វើឲ្យឆ្អឹងថ្គាមមានសុខភាពល្អនិង រឹងមាំ។ ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ក៏ត្រូវបានគេទាមទារផងដែរក្នុងការការពារសាច់ដុំបេះដូងរបស់អ្នក ពីព្រោះ វាជួយធ្វើឱ្យប្រាកដថា បេះដូងរបស់អ្នកកន្ត្រាក់បានត្រឹមត្រូវ។ មុខងារនេះមានសារសំខាន់ខ្លាំងណាស់ក្នុងការធានាថា ឈាមនិងអុកស៊ីសែនបានទៅដល់គ្រប់សរីរាង្គ និងផ្នែកផ្សេងៗនៃរាងកាយរបស់អ្នក។ ក្រៅពីអត្ថប្រយេាជន៍ទាំងនេះ ជាតិកាល់ស្យូមក៏មានប្រយេាជន៍ល្អៗផ្សេងទៀតជាច្រើនសម្រាប់រាងកាយរបស់អ្នកផងដែរដូចជា៖ ការពារជំងឺមហារីកពោះវៀនធំនិង ក្រួសក្នុងតម្រងនោម និងធ្វើឲ្យសម្ពាធឈាមមានដំណើរការល្អនិងមានអត្ថប្រយេាជន៍ជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការសិក្សាមួយរបស់អង្គការ UNICEF នៅឆ្នាំ ២០១០ បានបង្ហាញថា បញ្ហាកង្វះជាតិកាល់ស្យូមគឺជាក្តីកង្វល់មួយក្នុងចំណោមកង្វល់ធំៗ ស្តីពីសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។ នេះជាស្ថិតិដ៏គួរឱ្យព្រួយបារម្ភមួយ ជាពិសេសសម្រាប់កុមារ។ ៤០% នៃទំហំឆ្អឹងសម្រាប់មនុស្សពេញវ័យត្រូវបានបង្កើតឡើងនៅពេលដែលពួកគេមានអាយុចាប់ពី ៣ ទៅ ៤ ឆ្នាំដែលធ្វើឱ្យជាតិកាល់ស្យូមក្លាយជាផ្នែកមួយដ៏សំខាន់ នៃរបបអាហាររបស់កុមារ។ វាក៏ជាអំឡុងពេលលូតលាស់ខ្លាំងរបស់កុមារផងដែរ ខណៈដែលជាតិកាល់ស្យូមត្រូវបានស្រូបយកប្រកបដោយប្រសិទ្ធភាពខ្ពស់ មានន័យថា រយៈពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាថា ប្រព័ន្ធឆ្អឹងពិតជាមានសុខភាពល្អសម្រាប់រយៈពេលជាច្រើនឆ្នាំ។ ទាំងនេះគឺជាការទទួលទានជាតិកាល់ស្យូមជាប្រចាំថ្ងៃតាមអនុសាសន៍សម្រាប់កុមារ៖

០-៦ ខែ – ២០០ មិល្លីក្រាម

៧-១២ ខែ – ២៦០ មិល្លីក្រាម

១-៣ ឆ្នាំ – ៧០០ មិល្លីក្រាម

៤-៨ ឆ្នាំ – ១០០០ មិល្លីក្រាម

៩ – ១៨ ឆ្នាំ – ១៣០០ មិល្លីក្រាម

ចំពោះការលូតលាស់របស់ទារកនៅក្នុងផ្ទៃ ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់គឺជាការចាំបាច់ដើម្បីធ្វើឱ្យ ឆ្អឹងលូតលាស់បានល្អ ហើយរឹងមាំ ដូច្នេះពេលទារកប្រសូតមក មានកម្ពស់មួយត្រឹមត្រូវតាមស្តង់ដារ ។ វាក៏អាចជួយឱ្យកូនរបស់អ្នកបង្កើតចង្វាក់បេះដូងជាធម្មតាបានផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វិធីតែមួយគត់ដែលទារកអាច ទទួលបានជាតិកាល់ស្យូមគឺតាមរយៈម្តាយរបស់ពួកគេ។ នោះហើយជាមូលហេតុដែលវាពិតជាសំខាន់ខ្លាំងណាស់នៅក្នុងអំឡុងពេលមានផ្ទៃពោះដែលតម្រូវឲ្យអ្នកម្តាយ ត្រូវតែទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់។ បើមិនដូច្នោះទេ ទារកនៅក្នុងផ្ទៃនឹងចាប់ផ្តើមស្រូបយកជាតិកាល់ស្យូមពីឆ្អឹងរបស់អ្នកដែលអាចបង្កឱ្យមានផលវិបាក ចំពោះសុខភាពរបស់ពួកគេ ក៏ដូចជាខ្លួនរបស់អ្នកផ្ទាល់។ លើសពីនេះទៅទៀត ជាតិកាល់ស្យូមក៏បន្ថយហានិភ័យនៃសម្ពាធឈាមខ្ពស់ចំពោះម្តាយក៏ដូចគ្នាផងដែរ វាជាស្ថានភាពឈ្នះ – ឈ្នះសម្រាប់ទាំងម្តាយនិងទារក! ការផ្តល់អនុសាសន៍ចំពោះការទទួលទានជាតិកាល់ស្យូមជាប្រចាំថ្ងៃសម្រាប់ស្រ្តី មានផ្ទៃពោះគឺ៖ ស្ត្រីដែលមានអាយុចាប់ពី ១៩ ទៅ ៥០ ឆ្នាំ – ១០០០ មិល្លីក្រាម (mg) ក្នុងមួយថ្ងៃសម្រាប់ មុនពេល ក្នុងពេល និងក្រោយពេល មានផ្ទៃពោះ ស្ត្រីអាយុ ១៤-១៨ ឆ្នាំ – ១៣០០ មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់ មុនពេល ក្នុងពេល និងក្រោយពេល មានផ្ទៃពោះ ក្រៅពីអាហារដែលមានជាតិកាល់ស្យូម កុមារនិងម្តាយដែលមានផ្ទៃពោះអាចធានានូវបរិមាណកាល់ស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់ពួកគេដោយការប្រើកាល់ស្យូម បំពេញបន្ថែម។ កាល់ស្យូម គឺជាដៃគូដ៏មានប្រយេាជន៍សម្រាប់កូនក្មេងនិងអ្នកម្តាយដើម្បីធានានូវដំណើរជីវិតប្រកបដោយសុខភាពល្អ។