សិក្ខាសាលាស្តីពី អត្ថប្រយោជន៏នៃការបំពេញបន្ថែមកង្វះកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ

សាណូហ្វីកម្ពុជា បានរៀបចំសិក្ខាសាលា នៅភោជនីយ៍ដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ថ្ងៃទី ២៤​ ខែតុលា ឆ្នាំ២០១៧​ ផ្តោតលើប្រធានបទ «អត្ថប្រយោជន៏នៃការបំពេញបន្ថែមកង្វះកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ»​  ដោយមានការចូលរួមពីឆ្មប ចំនួន១០៩នាក់ និង​គ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី ៦៤នាក់ មកពី​មន្ទីរពេទ្យផ្សេងៗ មានដូចជា៖​ មន្ទីរពេទ្យព្រះកុសុមះ, ព្រះកេតុមាលា, ព្រះអង្គឌួង,​ មជ្ឈមណ្ឌលគាំពារមាតា និងទារក និងម្តាយ, គ្លីនិក, និង មន្ទីរពហុព្យាបាល និងសម្ភព នានានៅជុំវិញទីក្រុងភ្នំពេញ ។

សិក្ខាសាលាដែលបានរៀបចំឡើងនេះ គឺក្នុងគោលបំណង ចែករំលែកជូននូវបទពិសោធន៍ ចំណេះដឹងថ្មីៗ អំពីកង្វះសារធាតុកាល់ស្យូម ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង និងឈានទៅការកាត់បន្ថយហានិភ័យ​ក្នុងការសម្រាលកូនមិនគ្រប់ខែ ជំងឺបម្រុងក្រឡាភ្លើង​ និងជំងឺពុកឆ្អឹងនាពេលអនាគត។

ក្រោមអធិបតីភាពរបស់ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា។​ លោកបានមានប្រសាសន៏ថា យោងតាមអនុសាសន៍របស់សហព័ន្ធសម្ភពនិងរោគស្ត្រីអន្តរជាតិ (FIGO) “ត្រូវគិតពីអាហារូបត្ថម្ភមុនគេជាអាទិភាពរបស់ប្រទេសទាំងអស់”។ ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវក្នុង១០០០ ថ្ងៃដំបូងនៃជីវិត នេះជាពេលដល់សំខាន់សម្រាប់ការលូតលាស់ របស់ទារកក្នុងផ្ទៃ និងកុមារដែលកើត ពិសេសលើរាងកាយ និងខួរក្បាល និងជាឥន្ធនៈសម្រាប់ការលូតលាស់ប្រកបដោយសុខភាព និងវិបុលភាពតទៅអនាគត។

លើសពីនេះក៏មានការចូលរួមពីវាគ្មិនកិត្តិយសគឺ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ិ​​ច សុធី វេជ្ជបណ្ឌិត ឯកទេសសម្ភព និងរោគស្រ្តី បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយ លើប្រធានបទ «អត្ថប្រយោជន៏នៃការបំពេញបន្ថែមកង្វះកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ»​​ ។​

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតមានប្រសាសន៏ថា អំឡុងពេលមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ គឺជាពេលវេលាមួយដែលមាតា បានផ្តល់ជាតិកាល់ស្យូមជាច្រើនដល់ទារកដើម្បីបង្កបង្កើតនិងលូតលាស់ឆ្អឹង ដែលជាហេតុបណ្តាលឲ្យមាតាប្រឈមមុខខ្ពស់ជាមួយនឹងកង្វះកាល់ស្យូម ហើយធ្វើឲ្យកើនឡើងហានិភ័យ ជំងឺបម្រុងក្រឡាភ្លើង សម្រាលកូនមិនគ្រប់ខែ និងពុកឆ្អឹងនៅពេលអនាគត។

ដូច្នេះហើយទើបអង្គការសុខភាពពិភពលោក(WHO) បានចេញអនុសាសន៍ក្នុងការផ្តល់ ជាតិកាល់ស្យូមបំពេញបន្ថែមចាប់ពីសប្តាហ៍ទី២០នៃការមានផ្ទៃពោះ។ តម្រូវការប្រចាំថ្ងៃនៃសារធាតុកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ គឺ ១៣០០​មិល្លីក្រាម ក្នុងមួយថ្ងៃ​។