តើជាតិកាល់ស្យូមមានប្រយេាជន៍អ្វីចំពោះរាងកាយឲ្យពិតប្រាកដទៅ?

ជាតិកាល់ស្យូមគឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយដោយមិនគិតពីអាយុឬភេទឡើយ។

ដូច្នេះ តើជាតិកាល់ស្យូមនេះមានប្រយេាជន៍អ្វីចំពោះរាងកាយឲ្យពិតប្រាកដទៅ?

ជាតិកាល់ស្យូមជួយពង្រឹងឆ្អឹងនៅក្នុងរាងកាយដោយធានាថា ឆ្អឹងទាំងនោះមានរចនាសម្ព័ន្ធត្រឹមត្រូវ និងការពារផលវិបាកនៃឆ្អឹងនៅពេលក្រោយ នៅក្នុងជីវិតដូចជា ជំងឺពុកឆ្អឹងដែលជាស្ថានភាពសុខភាពឆ្អឹងដែលមានភាពផុយស្រួយខ្លាំងហើយឈានទៅរកការបាក់ឆ្អឹង។ ល័ក្ខខ័ណ្ឌទាំងនេះបានបណ្តាលមកពីកង្វះជាតិកាល់ស្យូម ដែលបង្កឲ្យមានការឈឺចាប់ ហើយអាចរារាំងសេរីភាពនៃការធ្វើចលនារបស់អ្នក។ ជាតិកាល់ស្យូមក៏មានសារសំខាន់ផងដែរក្នុងការថែរក្សាធ្មេញ និងអញ្ចាញធ្មេញ ដោយធ្វើឲ្យឆ្អឹងថ្គាមមានសុខភាពល្អនិង រឹងមាំ។ ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ក៏ត្រូវបានគេទាមទារផងដែរក្នុងការការពារសាច់ដុំបេះដូងរបស់អ្នក ពីព្រោះ វាជួយធ្វើឱ្យប្រាកដថា បេះដូងរបស់អ្នកកន្ត្រាក់បានត្រឹមត្រូវ។ មុខងារនេះមានសារសំខាន់ខ្លាំងណាស់ក្នុងការធានាថា ឈាមនិងអុកស៊ីសែនបានទៅដល់គ្រប់សរីរាង្គ និងផ្នែកផ្សេងៗនៃរាងកាយរបស់អ្នក។ ក្រៅពីអត្ថប្រយេាជន៍ទាំងនេះ ជាតិកាល់ស្យូមក៏មានប្រយេាជន៍ល្អៗផ្សេងទៀតជាច្រើនសម្រាប់រាងកាយរបស់អ្នកផងដែរដូចជា៖ ការពារជំងឺមហារីកពោះវៀនធំនិង ក្រួសក្នុងតម្រងនោម និងធ្វើឲ្យសម្ពាធឈាមមានដំណើរការល្អនិងមានអត្ថប្រយេាជន៍ជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការសិក្សាមួយរបស់អង្គការ UNICEF នៅឆ្នាំ ២០១០ បានបង្ហាញថា បញ្ហាកង្វះជាតិកាល់ស្យូមគឺជាក្តីកង្វល់មួយក្នុងចំណោមកង្វល់ធំៗ ស្តីពីសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។ នេះជាស្ថិតិដ៏គួរឱ្យព្រួយបារម្ភមួយ ជាពិសេសសម្រាប់កុមារ។ ៤០% នៃទំហំឆ្អឹងសម្រាប់មនុស្សពេញវ័យត្រូវបានបង្កើតឡើងនៅពេលដែលពួកគេមានអាយុចាប់ពី ៣ ទៅ ៤ ឆ្នាំដែលធ្វើឱ្យជាតិកាល់ស្យូមក្លាយជាផ្នែកមួយដ៏សំខាន់ នៃរបបអាហាររបស់កុមារ។ វាក៏ជាអំឡុងពេលលូតលាស់ខ្លាំងរបស់កុមារផងដែរ ខណៈដែលជាតិកាល់ស្យូមត្រូវបានស្រូបយកប្រកបដោយប្រសិទ្ធភាពខ្ពស់ មានន័យថា រយៈពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាថា ប្រព័ន្ធឆ្អឹងពិតជាមានសុខភាពល្អសម្រាប់រយៈពេលជាច្រើនឆ្នាំ។ ទាំងនេះគឺជាការទទួលទានជាតិកាល់ស្យូមជាប្រចាំថ្ងៃតាមអនុសាសន៍សម្រាប់កុមារ៖

០-៦ ខែ – ២០០ មិល្លីក្រាម

៧-១២ ខែ – ២៦០ មិល្លីក្រាម

១-៣ ឆ្នាំ – ៧០០ មិល្លីក្រាម

៤-៨ ឆ្នាំ – ១០០០ មិល្លីក្រាម

៩ – ១៨ ឆ្នាំ – ១៣០០ មិល្លីក្រាម

ចំពោះការលូតលាស់របស់ទារកនៅក្នុងផ្ទៃ ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់គឺជាការចាំបាច់ដើម្បីធ្វើឱ្យ ឆ្អឹងលូតលាស់បានល្អ ហើយរឹងមាំ ដូច្នេះពេលទារកប្រសូតមក មានកម្ពស់មួយត្រឹមត្រូវតាមស្តង់ដារ ។ វាក៏អាចជួយឱ្យកូនរបស់អ្នកបង្កើតចង្វាក់បេះដូងជាធម្មតាបានផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វិធីតែមួយគត់ដែលទារកអាច ទទួលបានជាតិកាល់ស្យូមគឺតាមរយៈម្តាយរបស់ពួកគេ។ នោះហើយជាមូលហេតុដែលវាពិតជាសំខាន់ខ្លាំងណាស់នៅក្នុងអំឡុងពេលមានផ្ទៃពោះដែលតម្រូវឲ្យអ្នកម្តាយ ត្រូវតែទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់។ បើមិនដូច្នោះទេ ទារកនៅក្នុងផ្ទៃនឹងចាប់ផ្តើមស្រូបយកជាតិកាល់ស្យូមពីឆ្អឹងរបស់អ្នកដែលអាចបង្កឱ្យមានផលវិបាក ចំពោះសុខភាពរបស់ពួកគេ ក៏ដូចជាខ្លួនរបស់អ្នកផ្ទាល់។ លើសពីនេះទៅទៀត ជាតិកាល់ស្យូមក៏បន្ថយហានិភ័យនៃសម្ពាធឈាមខ្ពស់ចំពោះម្តាយក៏ដូចគ្នាផងដែរ វាជាស្ថានភាពឈ្នះ – ឈ្នះសម្រាប់ទាំងម្តាយនិងទារក! ការផ្តល់អនុសាសន៍ចំពោះការទទួលទានជាតិកាល់ស្យូមជាប្រចាំថ្ងៃសម្រាប់ស្រ្តី មានផ្ទៃពោះគឺ៖ ស្ត្រីដែលមានអាយុចាប់ពី ១៩ ទៅ ៥០ ឆ្នាំ – ១០០០ មិល្លីក្រាម (mg) ក្នុងមួយថ្ងៃសម្រាប់ មុនពេល ក្នុងពេល និងក្រោយពេល មានផ្ទៃពោះ ស្ត្រីអាយុ ១៤-១៨ ឆ្នាំ – ១៣០០ មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់ មុនពេល ក្នុងពេល និងក្រោយពេល មានផ្ទៃពោះ ក្រៅពីអាហារដែលមានជាតិកាល់ស្យូម កុមារនិងម្តាយដែលមានផ្ទៃពោះអាចធានានូវបរិមាណកាល់ស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់ពួកគេដោយការប្រើកាល់ស្យូម បំពេញបន្ថែម។ កាល់ស្យូម គឺជាដៃគូដ៏មានប្រយេាជន៍សម្រាប់កូនក្មេងនិងអ្នកម្តាយដើម្បីធានានូវដំណើរជីវិតប្រកបដោយសុខភាពល្អ។